វិមានហ្វ្រេដឌើរីកស៍..
ក្រោយចាកចេញពីមន្ទីរពេទ្យមកថេយ៉ុងក៏បកមកកាន់ផ្ទះរបស់គេវិញព្រោះថាគេក៏គ្មានសិទ្ធិទៅជាន់វិមានផាទ្រីសៀរ៍អីនោះដែរ រឿងរ៉ាវកន្លងមកដែលគេបានសាងវាក៏ធ្ងន់ធ្ងរដល់ថ្នាក់ថាបើសិនជាគេទៅរកនាងទាំងពេលនេះ គេច្បាស់ជាត្រូវសុីគ្រាប់សំណរបស់ហេនរី លោកប៉ារូម៉ាជាមិនខាន។
ស្រឹប!
ជំហានបោះនាំរាងកាយគេឲ្យចូលហួសទៅខាងក្នុងបរិវេណវីឡាខាងក្នុង សម្រឹបជើងគេក៏ដាស់អ្នកដែលអង្គុយក្នុងបន្ទប់ទទួលភ្ញៀវទាំងអស់ឲ្យងាកមកមើលគេ ថេយ៉ុងក៏នាំខ្លួនដើរហួសទៅកាន់បន្ទប់គេងខាងលើ មិននិយាយរកនរណាទាំងអស់ ហើយគ្រប់គ្នាក៏យល់ពីចិត្តគេ។
"មកទាំងបែបនេះច្បាស់ណាស់ថាត្រូវគេដេញមកវិញទៀតហើយ ថេយ៍អើយថេយ៍" ឡេឡានីដែលអង្គុយក្រងផ្កាឯណោះក៏លាន់មាត់ឡើងតិចៗ នាងល្អិតអុីនណាដែលអង្គុយជួយក្រងផ្កាម្ដាយក៏ច្បូញមាត់បន្តិចហាក់ដូចជាយល់ស្រប។
"រូម៉ានាងរឹងមាំហើយក៏មានម្ចាស់ការលើខ្លួនឯងខ្លាំង មិនអញ្ចឹងនាងមិចនឹងអាចដឹងនាំម៉ាហ្វៀមួយប៉ែកខាងនោះបានទៅ? ដូចជាពាក្យចាស់និយាយថាចិត្តមិនដាច់ធ្វើស្ដេចមិនកើតនោះអី" លោកម្ចាស់ហ្គេសស្ពើមានប្រសាសន៍មុននឹងលើកពែងតែឡើងក្រេបតិចៗ ហូស៊ុកនៅអង្គុយជិតក៏ញញឹមរួចលូកដៃប៉ះអង្អែលសក់ភរិយាបន្តិច។
"ថារូម៉ាទៅនាងជាទាយាទគួរតែចិត្តដាច់ តែអ្នកខ្លះមិនមែនជាទាយាទអីទេបែរជាចិត្តដាច់នឹងឆ្នាស់ជាងរូម៉ាទៅទៀត" មិនថាយូរឆ្នាំប៉ុណ្ណាក៏ហូស៊ុកនៅតែដដែល គេចូលចិត្តញ៉ោះឡេឡានីណាស់ បានប្រពន្ធងរម្ដងៗគេក៏សប្បាយចិត្តដូចជាត្រូវឆ្នោតព្រោះពេលដែលនាងងរទោះជាពិបាកលួងតែក៏គួរឲ្យស្រឡាញ់បំផុត។
"បងនឹងតាំងទៀតហើយ! អូននៅមិនទាន់ជម្រះបញ្ជីជាមួយបងរឿងលាក់បាំងអូនពីរឿងថេយ៉ុងក្លាយជាមនុស្សរុក្ខជាតិផង"
"ឡេឡានី.."

(មើស៎! កុំប៉ះអូន)
សំឡេងជជែកគ្នារបស់ពួកគេក៏នៅតែអាចឲ្យអ្នកទើបតែឡើងដល់ជាន់ខាងលើនោះលឺ ថេយ៉ុងនៅឈរធ្មឹងមួយសន្ទុះរួចទើបបោះជំហានចូលទៅខាងក្នុងបន្ទប់គេងដែលវាជាបន្ទប់ចាស់របស់គេ មុនពេលដែលគេរើទៅនៅជាមួយនឹងលីលី តែពេលនេះគេក៏នៅត្រឡប់មកកន្លែងដើមវិញតែត្រឡប់មកលើកនេះគេមិនមែនមកតែឯងឡើយ។
ក្រាក!
ទ្វារបន្ទប់បើកឡើងនាំពន្លឺពីខាងក្រៅជះចូលទៅក្នុងបន្ទប់ងងឹតស្លុបនោះ ថេយ៉ុងទម្លាក់ទម្ងន់ជើងស្រាលៗចូលទៅខាងក្នុងបន្ទប់ដែលមានកូនតូចកំពុងតែគេងលង់លក់នៅលើគ្រែ លីឈីងនាងជាក្មេងដែលងាយស្រួលក្នុងការលួងលោមបំផុតឲ្យតែនិយាយលួងលោមនាងថាលោកប៉ានឹងមកវិញរកនាង នាងតូចក៏ឈប់រករឿងភ្លាម ហើយនាងតែងតែគេងចាំផ្លូវប៉ានាងត្រឡប់មកវិញរហូត នាងស្រឡាញ់លោកប៉ានាងខ្លាំងណាស់ ស្រឡាញ់ជាងអ្វីៗទាំងអស់ តែបើសិនជាថ្ងៃណាមួយនាងបានដឹងការពិត ការពិតដែលថេយ៍មិនមែនជាប៉ាបង្កើតនាងតើនាងនឹងទៅជាយ៉ាងណាទៅ? នាងមានមិត្តចិត្តបាបម្នាក់ទៅហើយ ចុះបើដឹងថាប៉ានាងជាបុរសគ្មានទំនួលខុសត្រូវម្នាក់ទៀតនោះ ឱ! លីឈីងអើយ...
"លីឈីង..កូនប៉ា" ថេយ៉ុងឧទានហៅកូនដោយថ្នមសំឡេងបំផុតមុននឹងទម្លាក់ខ្លួនគេងក្បែរកូន នាយទាញកូនតូចដែលអោបតុក្កតាជាប់នឹងដៃនោះឲ្យបែរមករកគេ ទោះបីជាគេបានដឹងបានលឺថាលីឈីងមិនមែនជាកូនបង្កើតរបស់គេតែមនោសញ្ចេតនារបស់គេចំពោះលីឈីងមិនបានផ្លាស់ប្ដូរអីសូម្បីតែបន្តិចឡើយ ផ្ទុយទៅវិញការស្រឡាញ់គេចំពោះលីឈីងកាន់តែកើនឡើងព្រោះថាបើគិតមើលទៅជីវិតគេនឹងលីឈីងក៏មិនខុសគ្នាប៉ុន្មានដែរ ប៉ាម៉ាក់ថេយ៍ស្លាប់បាត់ទុកឲ្យគេនៅជាមួយបងប្រុសបង្កើតគាត់ ចំណែកឯលីឈីងទោះជាប៉ាម៉ាក់នាងនៅមានជីវិតតែពួកគេក៏មិនដែលសូម្បីតែគិតពីនាង វាប្រៀបបីដូចជាពួកគេបានស្លាប់បាត់ពីពិភពលោករបស់លីឈីងទៅហើយអញ្ចឹង។
"កូននៅជាមួយប៉ាល្អហើយ ប៉ានឹងមើលថែកូនឲ្យបានល្អ ប៉ានឹងស្រឡាញ់កូនឲ្យច្រើនៗ ប៉ាចង់ឲ្យឈីងបានដឹងហើយក៏..."
(ក៏សង្ឃឹមថាហាណាក៏បានដឹងថាប៉ាស្រឡាញ់ហាណាដូចគ្នាដែរ)

ទាយាទម៉ាហ្វៀ (រដូវកាលទី០២)Where stories live. Discover now