💎ភាគ៥០ ជាភាគបញ្ចប់

32 0 0
                                    

#ស្នេហាមួយនេះគេហាមឃាត់_វគ្គ១

💎ភាគ៥០ ជាភាគបញ្ចប់

បបរនៅព្រឹកនេះរសជាតិប្លែក។ លោកស៊ានហានដាក់ស្លាបព្រាចុះ សួរទៅកូនប្រសារស្រី។

"ស៊ានភីង! បបរថ្ងៃនេះប្រៃម្ល៉េះ?" គាត់ចម្លែកបំផុត អំបិលដាក់ទាំងក្រឡមិនខាន។ យ៉ាងអុីប្រឹងលេប លាក់សំណួរក្នុងចិត្ត។ អ្នកត្រូវសួរមានទឹកមុខស្លេកស្លាំង មិនមែនមកពីភ័យទេ គឺនាងចាញ់កូនខ្លាំង ធ្វើអីមិនបាន។

"មិនមែនទេប៉ា គឺខ្ញុំជាអ្នកដាំបបរឃើញថាស៊ានភីងមិនស្រួលខ្លួនខ្លាំង" ស៊ានតាយទទួលជំនួស។ គេញ៉ាំទៅរសជាតិធម្មតាទេតើ។

"កូនក៏ធ្លាប់ធ្វើអាហារដែរស៊ានតាយ រសជាតិមិនយ៉ាប់យ៉ាងនេះទេ" ប៉ាធ្វើមុខរអា ឃើញកូនប្រុសញ៉ាំដូចឆ្ងាញ់ណាស់។

"ពិតមែនឬ ចាំកូនភ្លក់មើល" ស៊ានភីងចង់ដួសញ៉ាំ ត្រូវយ៉ាងអុីហាមបែបភ្ញាក់ផ្អើល។

"កុំញ៉ាំ!" គាត់មិនចង់ឱ្យសាកអំបិលមួយឆ្នាំងនេះទេ ខ្លាចប៉ះពាល់ដល់ចៅ។ ឪពុកនិងកូនប្រុសលួចញញឹមដាក់គ្នា គាត់គ្រាន់តែធ្វើដូចមិនចូលចិត្ត ការពិតគាត់បារម្ភពីស៊ានភីងដែរ។

"ចាស!" នាងតបទន់ភ្លន់។

"ចាំខ្ញុំទៅធ្វើសារជាថ្មី" ស៊ានភីងចង់ក្រោក ស៊ានតាយហាម។

"ទុកឱ្យខ្ញុំធ្វើ លើកនេះរសជាតិល្អមិនខាន" គេមិនចង់ឱ្យនាងលំបាកជាងនេះ គ្រាន់តែពពោះនាងហត់ណាស់ហើយ។

"ទុកឱ្យម៉ាក់ធ្វើ" យ៉ាងអុីស្ម័គ្រចិត្ត អ្នកទាំងបីញញឹមដាក់គ្នា។

---------

+ថ្ងៃសម្រាក

"ខ្ញុំនាំនាងទៅដើរលេង" ស៊ានតាយយកអាវក្រៅពាក់ឱ្យស៊ានភីង។

"ទៅណា?" នាងត្រូវគេនាំចេញក្រៅញឹកញាប់ ដើម្បីឱ្យអារម្មណ៍ធូរស្រាលពីអាការចាញ់កូន។

"ទៅសមុទ្រ!" គេលើកនាងបី។

"ខ្ញុំដើរខ្លួនឯងបាន ពេទ្យប្រាប់ថាយើងកុំទម្រន់ ធ្វើឱ្យកាន់តែខ្សោយ ប្រឹងហាត់ប្រាណ និងធ្វើចលនាឱ្យបានច្រើន" គេល្អដាក់នាងហួស នាងទទួលមិនចង់ទាន់ តែគេក៏មិនបានផ្អែមល្អែមដែរ សម្តីស្មើចុងស្មើដើម។

"អ៊ីចឹងដើរតាមសម្រួលមក" គេបើកទ្វារចាំ។

-------------

នៅសមុទ្រ ស៊ានតាយដើរកាន់ដៃស៊ានភីងដើរតាមឆ្នេរ បន្ទាប់មកទាញនាងឱបថើបដោយការស្រឡាញ់ កាលមកលើកមុន គេនាំនាងមកដើម្បីតែការសប្បាយ មិនឱ្យនាងបានលេងទឹក។ គេញញឹមដាក់ស៊ានភីងដោយក្តីរំភើប ខ្យល់សមុទ្រជួយឱ្យនាងស្រស់ស្រាយ តែស៊ានភីងក៏ចាប់ផ្តើមមានអាការចាញ់ចង់ក្អួតទៀត។

"ចាំត្រង់នេះហើយខ្ញុំទៅទិញទឹកដូងឱ្យ"

"ចាស" នាងអង្គុយលើខ្សាច់។

បុរសម្នាក់បានដើរទៅរកស៊ានភីង និងសម្លឹងមើលដោយការស្រឡាំងកាំងភ្ញាក់ផ្អើល។ គេសម្លឹងធ្វើឱ្យនាងខ្លាច ចង់យំ ខំបែររកស៊ានតាយ នាងដឹងថាគេគ្មានបំណងអាក្រក់ ខ្សែភ្នែកគេកក់ក្តៅ តែនាងនៅភ័យ។

"អ្នកនាង..." គេអង្គុយចុះ ចង់ចាប់ដៃនាង។ ស៊ានភីងដកដៃចេញ នាងក្រោកតែកើតអាការវិលមុខ ទើបនៅស្ងៀម។

"អ្នកនាងកើតអី?" គេសួរដោយការបារម្ភ ឃើញនាងភ័យពេកគេមិនចង់ដាក់សំពាធខ្លាំង។

"លោកធ្វើអីប្រពន្ធខ្ញុំ?" ស៊ានតាយឃើញ រត់មករកជាប្រញាប់។

"ស៊ានតាយ!!" នាងក្រមុំឱបគេ នាងមិនចង់នៅម្នាក់ឯង។

"ខ្ញុំសុំទោស! ខ្ញុំមិនបានធ្វើអីនាងទេ" បុរសចម្លែកនៅតែសម្លឹងស៊ានភីងដោយការសង្ស័យ។

"យើងត្រឡប់ទៅវិញ ខ្ញុំចង់ទៅផ្ទះយើង" ស៊ានភីងរលេងរលោងទឹកភ្នែក។

"បាទ!" គេអង្អែលខ្នងនាង។

ស៊ានភីងលួចបែរមើលបុរសម្នាក់នោះម្តងទៀត គេជាអ្នកណា ធ្វើឱ្យនាងមានអារម្មណ៍ថាអាល័យ ចង់ជួបគេទៀត.....

~~~~~ចប់~~~~~

To be continued..... វគ្គ២

#TaylorNovel

💎💎💎
☘️រឿងនេះបញ្ចប់ត្រឹមនេះ សូមអរគុណសម្រាប់ការតានដាន។

☘️ជួបគ្នានៅវគ្គ២ គូសៀវមិញបងប្រុសបង្កើតស៊ានភីង និងសៀវលិញបងស្រីបង្កើតស៊ានតាយ។

☘️វគ្គ២និយាយពីគូសៀវមិញ និងសៀវលិញ រហូតដល់ពួកគេបានមកជួបជាមួយស៊ានតាយនិងស៊ានភីង ដែលជាបងប្អូនបង្កើតនឹងគ្នា។
💎💎💎

You've reached the end of published parts.

⏰ Last updated: Jan 05, 2022 ⏰

Add this story to your Library to get notified about new parts!

ស្នេហាមួយនេះគេហាមឃាត់_វគ្គ១(ចប់)Where stories live. Discover now