The Magic

80 4 2
                                    

ទិដ្ឋភាពនាពេលព្រឹកព្រលឹម ដែលកំពុងតែមានមនុស្សម្នាច្រើនគ្នាដូចតាមសព្វដង និងកំពុងតែធ្វើដំណើរទៅមកលើផ្លូវទៅតាមទិសដៅរៀងៗខ្លួន ខណៈនោះ ឡានពណ៌ខ្មៅមួយគ្រឿងបើកមកឈប់នៅខាងមុខហាងមួយដែលស្គាល់ថាជាហាងកាមេរ៉ា មុននឹងចតស្ងៀម មិនយូរទ្វារក៏បើកឡើងបង្ហាញម្ចាស់ឡានដែលកំពុងតែឈានជើងចុះមក។

ផឹប

សម្លេងទ្វារឡាន ដែលត្រូវបានរុញបិទដោយដៃរបស់ស្រីស្អាតដែលជាម្ចាស់ រាងស្តើងក្នុងឈុតសាមញ្ញ ខោទាហានវែងដល់កជើង ដែលមានហ៊ោប៉ៅស្អេកស្កាស ក៏ជាម៉ូតដែលនាងស្លៀកមកតាមទម្លាប់ទៅហើយ អាវដៃតូចពណ៌ខ្មៅដែលសម្លោះក្នុងខោ និងអាវក្រៅសដែលចំហមិនកិបលេវ ស្បែកជើងកវែងតមកដល់ជើងខោ សក់ពណ៌ខ្មៅវែងរួញទឹករលកទម្លាក់ចុះរសាយ តាមដោយខ្យល់បក់ទៅមករេរារាំតាមតែវា រួមជាមួយនឹងកម្ពស់ខ្ពស់ដូចជាម៉ូឌែល ដែលធ្វើអោយមនុស្សមិនតិចទេដែលជួបនាង តែងតែយល់ច្រលំថានាងមានអាជីពមួយនោះ គួបផ្សំនឹងមុខមាត់តូចច្រឡឹងស្រស់ស្អាតផង វាកាន់តែធ្វើអោយមនុស្សម្នាហាក់ហាមចិត្តមិនគិតផ្លូវនេះមិនបាន ទាំងដែលការពិតទៅ នាងគ្រាន់តែជាសិស្សម្នាក់ដែលរៀនខាងផ្នែក Interior Design តែក៏មានចំណង់ចំណូលចិត្តផ្នែកថតរូប និងមាន Studio ផ្ទាល់ខ្លួនមួយសម្រាប់ថតនេះនោះតាមអារម្មណ៍ដែលគិតចង់ដោយមិនជំពាក់អ្នកណាមួយរៀលប៉ុណ្ណឹង។

ស៊ីន យូណា ឬយ៉ុន ជាឈ្មោះរបស់នាង គ្រាន់តែឈ្មោះក្រោយនេះ មានតែគ្រួសារ និងអ្នកដែលជិតដិតសមគួរប៉ុណ្ណោះ ដែលមានសិទ្ធហៅនាងបែបនេះ។

ដៃតូចលូកទៅទាញទ្វារកញ្ចក់ មុននឹងរុញចូលទៅខាងក្នុង ជើងឈានដើរចូលទៅមើលទិដ្ឋភាពហាង ដែលនាងតែងតែមកញឹកញាប់រាល់ពេលដែលកាមេរ៉ាមានបញ្ហាត្រូវការជួសជុល តែនៅពេលនេះ វាខុសពីសព្វមួយដង។ បន្ទាប់ពីទទួលបានទូរស័ព្ទពីម្ចាស់ហាង ដែលផ្តល់ដំណឹងថាប្រភេទកាមេរ៉ាដែលនាងចង់បាននៅពេលនេះមកដល់ នាងក្រមុំក៏ប្រញាប់មកកាន់ទីនេះភ្លាមដោយមិនចាំយូរ។

"អូ យ៉ុន មកហើយឬ?" បុរសចំណាស់ម្ចាស់ហាងនិយាយស្វាគមន៍ដោយសំនៀងស្និទស្នាល បញ្ជាក់ថាពួកគេជួបគ្នាញឹកញាប់មិនស្ទើរទេ។

The Magic: Perfect Stranger | kjw x synWhere stories live. Discover now