ភាគ១២
" ទង្វើរអាក្រក់ត្រូវតបស្នងវិញដោយទង្វើរអាក្រក់ដូចគ្នា "
លោកគ្រូ មីនយ៉ុង ដើររក ឆេមី ពេញសាលារហូតមកដល់កន្លែងអាងហែងទឹកដែលបិទអំពូលទាំងអស់ មានតែពន្លឺចាំងចូលមកពីខាងក្រៅតិចតួចជួយឲ្យកន្លែងនេះមិនសូវងងឹតខ្លាំង។
« ឆេមី ឯងនៅទីនេះទេ? » លោកគ្រូ មីនយ៉ុង ព្យាយាមស្រែកហៅនាងម្តងហើយម្តងទៀត ប៉ុន្តែមិនមានការឆ្លើយតបសោះ ទើបលោកមកឈរច្រត់ដៃនៅក្បែរអាងហែលទឹកទាំងដកដង្ហើមធំព្រួយបារម្ភពីនាង ព្រោះលោកតាមរកនាងមួយថ្ងៃហើយ នៅតែរកនាងមិនឃើញទៀត ខលទៅសួរអ្នកដែលជួលបន្ទប់ឲ្យនាងក៏គេប្រាប់ថាមិនឃើញនាង ចំណែកកន្លែងធ្វើការងារក្រៅម៉ោងរបស់នាងក៏មិនឃើញនាងដែរ តើនាងបាត់ទៅណាទៅ?។
ប្រាវ!
សំឡេងធ្លាក់របស់នៅបន្ទប់ផ្លាស់សម្លៀកបំពាក់របស់កីឡាហែលទឹកធ្វើឲ្យរាងក្រាស់រហ័សចោលភ្នែកទៅសម្លឹងទ្វាបន្ទប់នោះដោយការសង្ស័យ។ នៅក្នុងស្ថានភាពស្ងាត់ជ្រងំបែបនេះ ហេតុអ្វីក៏មានសំឡេងនៅក្នុងបន្ទប់នោះ?។ លោកគ្រូ មីនយ៉ុង ដើរយឺតៗទៅបើកទ្វាមួយៗដោយការប្រយ័ត្នប្រយែង។
ក្រាក!
« ឆេមី! » លោកគ្រូ មីនយ៉ុង លាន់មាត់ឡើងពេលបើកទ្វាមកបានឃើញ ឆេមី ត្រូវចងជាប់ដៃចងជើងជាប់នឹងកៅអី ពួកគេយកបង់ស្អិតបិទមាត់របស់នាងជិត ទើបនាងហៅអ្នកណាជួយមិនបាន។ រាងក្រាស់ប្រញាប់ចូលទៅជួយស្រាយខ្សែឲ្យនាងដោយក្តីបារម្ភ។
« ហ៊ឹក...ហ៊ឺ! លោកគ្រូ! » នាងស្ទុះមកឱបរាងក្រាស់ស្រែកយំខ្លាំងៗទាំងញ័រខ្លួនទទ្រើកនៅភ័យខ្លាចមិនទាន់បាត់។
លោកគ្រូ មីនយ៉ុង បានឃើញសភាពគួរឲ្យអាណិតរបស់ ឆេមី ហើយក៏ក្តាប់ដៃណែនពេញដោយកំហឹង។ លោកប្រញាប់ដោះអាវក្រៅមកគ្របលើខ្លួនសើមជោគរបស់នាងហើយក៏ចាប់ស្មានាងទាំងសងខាងសួរ។
« ប្រាប់មកថាអ្នកណាជាអ្នកធ្វើបាបនាង? ជាពួកគេមែនទេ? » លោកគ្រូ មីនយ៉ុង អាចស្មានដឹងនៅក្នុងចិត្តខ្លះហើយថាជាពួកណាដែលធ្វើបាបនាង តែលោកគ្រាន់តែចង់សួរនាងបញ្ចក់ឲ្យកាន់តែច្បាស់។
« គឺ ហាន់ស៊ូ ដាអេ និងយេរីន ហាន់ស៊ូ បានថតវីដេអូ...ហ៊ឹក! » នាងនិយាយដល់ត្រឹមនេះក៏ឱនមុខចុះហើយយំខ្លាំងៗ។
« កុំខ្លាចអី ខ្ញុំនឹងទៅចាត់ការប្រដៅពួកនោះសងសឹកឲ្យនាង » លោកគ្រូ មីនយ៉ុង និយាយថាសងសឹកឲ្យនាងហើយក៏ទាញនាងមកឱបទាំងទឹកមុខពេញដោយការគុំគួននិងក្តីឈឺចាប់។
ក្លឹបសិក្សាពិសេស
« ហាសហា! មើលមុខរបស់នាងចុះ »
« ហាសហា »
ហាន់ស៊ូ និងមិត្តប្រុសៗពីរនាក់ទៀតអង្គុយមើលវីដេអូរបស់ ឆេមី ដែលពួកគេថតមកហើយក៏សើចឡើងខ្លាំងៗ រហូត យេរីន ទ្រាំនឹងសំឡេងលឺៗរបស់ពួកគេមិនបានក៏ដើរមកទាញយកទូរស័ព្ទដៃរបស់គេទៅ។
« អេ...ឯងភ្លេចហើយមែនទេថាច្បាប់នៅទីនេះមិនឲ្យនាំអ្នកដែលមិនមែនជាសមាជិកក្លឹបចូលមកទេ » យេរីន មួរម៉ៅព្រោះរឿងរបស់ រីកគីនិងហេអុីន ស្រាប់ ទើបមកជះភាពមួរម៉ៅនេះដាក់ ហាន់ស៊ូនិងមិត្តរបស់គេ។
« ក្រែងពេលនេះទីនេះមិនមែនជាក្លឹបសិក្សាទៀតទេចឹងខ្ញុំគ្រាន់តែនាំមិត្តមកលេងទីនេះវាគ្មានអ្វីទេ ហើយម្យ៉ាងទៀតទីនេះជាផ្ទះលំហែររបស់ ហេអុីន មិនមែនជារបស់នាងទេ យេរីន » ហាន់ស៊ូ ចង្អុលថ្ងាសរបស់ យេរីន មួយទំហឹងធ្វើឲ្យនាងស្ទើរតែជាប់ក ទើបធ្វើឲ្យនាងកាន់តែមួរម៉ៅខ្លាំងឡើយ។
« ហាន់ស៊ូ ឯង...»
« បានហើយ ពួកឯងកុំខាំគ្នាឯងបានទេ? » ដាអេ ដាក់ស្រាដែលកាន់ចូលមកនៅលើតុហើយបំបែក ហាន់ស៊ូនិងយេរីន ចេញពីគ្នា តាមធម្មតា ហាន់ស៊ូ មិនឆេវឆាវបែបនេះទេ ប៉ុន្តែប្រហែលមកពីគេផឹកស្រាអស់ច្រើនហើយទើបស្រវឹងធ្វើអ្វីមិនចេះគិតបែបនេះ។
« អើយ...» យេរីន ជ្រោងសក់ឡើងហើយដើរទៅទម្លាក់ខ្លួនអង្គុយលើសាឡុនមួយទៀតទាំងមួរម៉ៅខឹងមិនទាន់បាត់។
« មុននេះពួកឯងមើលវីដេអូអី? » ដាអេ ឃើញថារឿងរវាង ហាន់ស៊ូនិងយេរីន ចប់ហើយ ទើបនាងសួររឿងវីដេអូវិញ។
« វីដេអូនៅពី យេរីន » ហាន់ស៊ូ ប្រាប់ ដាអេ ហើយក៏ទម្លាក់ខ្លួនអង្គុយផឹកបន្តទាំងអស់អារម្មណ៍សប្បាយ។
ដាអេ ដើរទៅយកទូរស័ព្ទនៅលើសាឡុនជិតខ្លួនរបស់ យេរីន មកបើកវីដេអូមើល។
« ពួកឯងបានធ្វើអ្វីនាង ឆេមី ខ្លះ? » ដាអេ មើលវីដេអូហើយញញឹមពេញចិត្តនឹងថ្វីដៃរបស់ ហាន់ស៊ូ ជាខ្លាំង។
« គ្រាន់តែថតវីដេអូសិចស៊ីទុកគំរាមនាងប៉ុណ្ណោះ » ហាន់ស៊ូ ឆ្លើយមកហីៗ។
« មិនបានរំលោភនាងទេឬ? » ដាអេ ងាកមកសម្លឹងមុខគេ សួរដោយការមិនទុកចិត្តគេ។
« មិនបានទេ ខ្ញុំមិនចូលចិត្តរសជាតិស្រីជនបទទេ » ហាន់ស៊ូ និយាយដោយទឹកមុខច្បាស់លាស់បញ្ជាក់បានថាគេមិនបានកុហកទេ គេនិងមិត្តគ្រាន់តែថតវីដេអូឈុនក្នុងរបស់នាងពិតមែន។
ប្រាវ!
សំឡេងវាយបំបែកកញ្ចក់ផ្ទះធ្វើឲ្យយុវវ័យដែលកំពុងនិយាយគ្នារឿងវីដេអូរបស់ ឆេមី ងាកមកសម្លឹងមើលកន្លែងដែលត្រូវវាយកម្ទេចមុននេះភ្លាមៗដោយទឹកមុខតក់ស្លុត ហើយក៏បានឃើញបុរសពាក់អាវខ្មៅមួយឈុននិងមានពាក់មួកពាក់ម៉ាស់បិទបាំងមុខជិត ដើរចូលមកក្នុងផ្ទះតាមកន្លែងដែលត្រូវបំបែកមុននេះ។
« ឯងជាអ្នកណា? ហ៊ានវាយបំបែកកញ្ចក់ផ្ទះនេះផង ឯងដឹងទេថាផ្ទះនេះជារបស់អ្នកណា? » ហាន់ស៊ូ ស្ទុះក្រោកឈរឡើងស្រែកគំរាមដាក់បុរសឈុនខ្មៅដែលកាន់ដងវាយកូនហ្គោមួយនៅក្នុងដៃ។
គេនិងកូនចៅចាប់ផ្តើមភ័យបន្តិច ពេលបុរសពាក់ឈុនខ្មៅម្នាក់នោះមិនខ្លាចការគំរាមរបស់គេហើយនៅតែដើរចូលមករកពួកគេដោយមិនខ្លាចអ្វីថែមទៀត។
« តើមានរឿងអ្វី? ហេតុអ្វីមានមនុស្សប្លែកមុខចូលមកទីនេះ? » យេរីន រហ័សទាញកាបូបរបស់នាងមកឱបជាប់ខ្លួន ព្រោះខ្លាចបុរសឈុនខ្មៅនោះជាចោរ។
« ងាប់ទៅអាចង្រៃ! » ដាអេ ចាប់ទាញយកដបស្រាគប់បុរសឈុនខ្មៅភ្លាម។
ប្រាវ!
គេងាកខ្លួនគេចផុតទើបដបស្រាហោះទៅត្រូវជញ្ជាំងបែកខ្ចេចគ្មានសល់។
«...» ស្នាមញញឹមក្រោមម៉ាស់ខ្មៅបញ្ចេញមកជាមួយកាយវិការឌឺដងធ្វើឲ្យក្មេងៗឈាមរាវកាន់តែខឹងខ្លាំងឡើង។
« ចូលទៅ! » ហាន់ស៊ូ រុញកូនចៅរបស់គេឲ្យចូលទៅវាយបុរសឈុនខ្មៅ។
ឌឹបៗ
ប្រូស!
« អួយ...» មិត្តរបស់ហាន់ស៊ូដេកស្រែកដោយភាពឈឺចាប់ពេញលើឥដ្ឋពេលត្រូវវាយដោយដងវាយកូនហ្គោជាច្រើនដង។
ប្រាវ!
ហាន់ស៊ូ លើកដបស្រាមកវាយបំបែកមួយកង់បង្កើតស្នាមបែកមុតស្រួចមួយ រួចក៏កាន់ដបស្រានោះស្ទុះចូលទៅចាក់បុរសអាវខ្មៅ ប៉ុន្តែគេក៏គេចផុតរហូតហើយវាយបកមកគេវិញយ៉ាងចាស់ដៃ។
ឌឹបៗ
« អួយ! » ហាន់ស៊ូ បែកមុខបែកមាត់ឈឺពេញខ្លួនគេងនៅលើឥដ្ឋ។
បុរសខ្មៅដើរចូលបន្តទៅរកមនុស្សស្រីពីរនាក់ដែលនៅឈរឱបកាបូបដោយភាពភ័យខ្លាច។
« កុំចូលមកណា » ដាអេ ស្រវ៉ាកូនកាំបិទនៅលើតុមកភ្ជង់អ្នកអូសដងវាយកូនហ្គោប្រឡាក់ដោយឈាមចូលមករកពួកនាង។
គេចូលមកជិតដល់ពួកនាងក៏លើកដងវាយកូនហ្គោវាដៃរបស់នាងដែលកាន់កាំបិត។
ឌឹប!
« អួយ...» ដាអេ ឱបដៃស្រែកដោយឈឺចាប់។
គេចូលទៅទាញទូរស័ព្ទពីក្នុងដៃរបស់នាងយកមកដាក់ក្នុងហោប៉ៅអាវហើយបញ្ចេញស្នាមញញឹមយ៉ាងពេញចិត្តដាក់ស្រីក្រមុំចំពោះមុខ។
« អា៎! ហ៊ឹក! កុំធ្វើបាបខ្ញុំអី » យេរីន អង្គុយទប់ត្រចៀកស្រែកដោយការភ័យខ្លាចនៅជិតជញ្ជាំង ពេលឃើញបុរសអាវខ្មៅនោះកំពុងដើរសំដៅមករកនាង។
ឌឹប!
គេវាយនាងឲ្យសន្លប់ហើយក៏ញញឹមឡើងយ៉ាងពេញចិត្ត។