ភាគទី21: នាងជាអ្នកណា?

3.2K 179 0
                                    

          ជុងហ្គុក យាដៃម្ខាងមិនឈឺនោះចង់វ៉ៃជំនិតឲ្យរាងចាលម្ដង ដែលហ៊ានបំភ័យខ្លួនរហូតបិះរបូតចេញរឿងក្នុងចិត្តទៅហើយ ក៏សំណាងទប់មាត់ខ្លួនឯងជាប់ កុំអីបែកធ្លាយអាថ៌កំបាំងអស់។

       " ចៅហ្វាយបារម្ភពីអ្នកប្រុសសៀ? ស្រលាញ់គេហើយទេដឹង? "
       " បារ~បារម្ភស្អី? យើងមិនខ្វល់ទេ គេចង់ទៅណាក៏ទៅៗ យើងមិនបានស្រលាញ់ កុំចេះតែនិយាយ តិចបានស៊ីមួយជើងរបស់យើង " ជុងហ្គុក ប្រកែករត់មាត់ជាប់ញាប់ស្អិញ និយាយមិនចង់ចេញ ភ្នែកក្រឡេក ក្រឡាប់ចាក់ និយាយមិនមើលមុខជំនិត ឲ្យនាយសើចកខឹក បានដៃបង្អាប់ចៅហ្វាយឲ្យក្រហមមុខទាំងព្រឹក÷
       " យើងមិនបានស្រលាញ់ទេ មិនស្រលាញ់ទេ ចង់ទៅណាក៏ទៅៗ ប៉ុន្តែបាត់គេមួយនាទីមិនបាន ហៅអើយហៅ " នាយផ្គើនឌឺ ធ្វើសម្លេងញិកញ៉ក់ដាក់ចៅហ្វាយ ឲ្យអ្នកជំងឺត្រូវគេចាក់ចំចំណុច រសើប ស្ទុះចង់ធាក់កូនចៅ តែក៏មិនទាន់អ្នករាងកាយមាំ រត់ប្រុយយ៉ាងលឿនចេញទៅក្រៅចោលចៅហ្វាយធ្វើមិនដឹង។
       " អាព្រីន អាកូនចៅចង្រៃ ចាំមើលតែយើងជាពេលណា ឯងមិនរួចខ្លួនទេ " ជុងហ្គុក ឈរសង្គ្រឿតធ្មេញឡើងប៉ោងសរសៃ.ក ខឹងកូនចៅទាំងព្រឹក មិនទាន់បានបាយចូលពោះមួយគ្រាប់ផង បែរជាមកត្រូវឆ្អែត ព្រោះតែសម្ដីលេងសើចរបស់កូនចៅទៅវិញ។ កាយមាំបង្វិលខ្លួនដើរយួរដៃ ដែលឈឺឡើងទៅបន្ទប់វិញ ដឹងហើយថារាងតូចទៅផ្សារ គេក៏មិនបាច់បារម្ភច្រើន បើគេសម្រេចចិត្តថាលែងមក នាយក៏មិនអាចទៅចាប់គេយកមកវិញបាន ជម្រើសល្អ អង្គុយចាំ។

                 តុប..តុប..

          សម្លេងស្បែកជើងកែងចោទលាន់សូរខ្ទរលើឥដ្ឋការ៉ូ ក្នុងភូមិគ្រឹះជេន បង្កជាការដឹងឮដល់ត្រចៀកមេការវាងវៃ ឲ្យរហ័សងាកទៅមើលប្រភពសម្លេង ភ្លាមៗគាត់ស្រាប់តែបើកភ្នែកធំៗសម្លឹងទៅនារីសក់ខ្លី រាងតូចស្រឡូនខ្ពស់ស្រឡះម្នាក់ ស្លៀករូបពណ៌ទឹកក្រូច ដើរចូលមកក្នុងផ្ទះ ដោយរឹកពារឆ្មើងឆ្មៃ។

       " អ្នកនាងសូម៉ា? " មេការធាន ស្ទើររបូតរូបថតពីដៃ ភ្លាំងភ្លឹកជាមួយវត្តមានមនុស្សកម្រស្ថិតនៅចំពោះមុខពេលនេះ។ រាងកាយល្វត់ល្វន់ស៊ិចស៊ី គួរជាទីគាប់ភ្នែកបុរសគ្រប់វ័យ ដើរគ្រលែងកាច់រាងចូលមកក្នុង ស្របគ្នានោះដែរ បបូរមាត់ក្រហមឆ្អៅក៏បង្ហើបឡើងជាមួយទឹកមុខម៉ូវ កាយវិការជំរិញមិនសូវជាពេញចិត្តជាមួយលោកមេការប៉ុន្មានឡើយ÷
       " ជុងហ្គុក នៅឯណា? ខ្ញុំចង់ជួបគេឥឡូវនេះ " កែវភ្នែកប្រាក់សម្លក់សម្លឹងធ្វើដូច លោកមេការជាសត្រូវចាំជាតិជាមួយនាងតាំងពីពេលណាមកយ៉ាងអញ្ចឹង ក៏មិនឈរស្ដាប់នាំឈឺជើងដ៏ស្រឡូនរបស់ខ្លួន កាយតូចបង្វែរខ្លួនដើរទៅអង្គុយនៅលើសាឡុងក្នុងបន្ទប់ទទួលភ្ញៀវ មិនចាំបាច់ឲ្យចាំនរណាអញ្ជើញនាងអង្គុយនោះឡើយ។
       " អ្នកប្រុសមានជំងឺ កំពុងតែសម្រាក មិនអាចជួបអ្នកនាងបានទេ អ្នកនាងចាំមកលើកក្រោយម្ដងទៀតចុះ " លោកមេការឱនគំនាបបន្តិច ងាកមុខជាសញ្ញាឲ្យបម្រើស្រីយកទឹកមកឲ្យភ្ញៀវ ទោះជាមាត់ដេញក៏ពិតមែន ប៉ុន្តែគាត់ក៏មិនមែនជាម្ចាស់ផ្ទះខ្វះសុជីវធម៌នោះដែរ។
       " គេឈឺ? គេឈឺអី? ពេលនេះគេនៅឯណា ខ្ញុំចង់ទៅមើលគេ?! " សូម៉ា ក្រោកក្រេសពីសាឡុងទាំងតក់ក្រហល់ រហ័សដើរមកជិតលោកមេការសួរនាំពី ម្ចាស់ផ្ទះក្រោយឮដំណឹងថាគេមានជំងឺ នាងក៏ចង់ទៅមើលគេភ្លាមៗតែម្ដង ប៉ុន្តែលោកមេការមិនទាន់ទាំងបាននិយាយអ្វីតបតជាមួយនាងផង សម្លេងគ្រល័រ រង៉ុល់ៗក៏បន្លឺឡើងជាសំនួរពីជាន់ខាងលើមក ទាំងទឹកមុខមាំក្រញ៉ូវ÷
       " អ្នកណាគេមក? " កាយមាំឈរពិតនឹងរនាំងថ្មក្បែរច្រកជណ្ដើរ នាយព្យាយាមសម្លឹងមើលទៅនារីឆើតម្នាក់ ដែលឈរនៅក្បែរលោកមេការ មើលទៅដូចជាប្រហែលៗ តែក៏មិនច្បាស់ភ្នែក ទើបនាយចុះទៅជាន់ខាងក្រោមមើលឲ្យជាក់ភ្នែកម្ដង។
       " ជុងហ្គុក លោកមិនអីទេមែនទេ? " នារីឆើតឆាយដែលជាភ្ញៀវមកដោយមិនបានអញ្ជើញ ស្ទុះវឹងរត់ទៅក្រសោបកាយមាំ សួរនាំជាសម្លេងបារម្ភនៅក្នុងប្រអប់ទ្រូងរបស់នាយកំលោះ ឲ្យអ្នកកំលោះ ជាម្ចាស់ផ្ទះម្នាក់នេះមិនពេញចិត្តនូវ កាយវិការនាងនៅពេលនេះជាខ្លាំង។
       " សូម៉ា លែងខ្ញុំ ស៊ឺតត.. លែងខ្ញុំសិនទៅ " នាយទើបតែចាប់ភ្លឹកដឹងពេលមកដល់ជិតនាង តាមពិតគ្មានអ្នកណាឆ្ងាយ គឺជាមិត្តភក្តិស្រីរបស់គេជំនាន់រៀនសកលនេះឯង បែកគ្នាប្រាំឆ្នាំដល់មកជួបគ្នាក្នុងស្ថានភាពបែបនេះគេក៏រាងពិបាកធ្វើខ្លួនឲ្យត្រូវដែរ។
       " ខ្ញុំនឹកលោកណាស់ ដឹងទេ? ហេតុអីក៏មិនដែលទាក់ទងទៅខ្ញុំសោះអញ្ចឹង? " នាងមិនលែង មានតែឱបរឹតកាយមាំលើសដើម ដៃនាងឱបស្មាគេទាំងសងខាង បណ្ដាលឲ្យចំរបួសដែលមិនទាន់ជានោះ ចេញឈាមរឹមៗ ឯនាយក៏ត្រូវខាំមាត់អត់ទ្រាំ ប្រាប់នាងតាមសម្រួល ជាមួយដៃម្ខាងរុញនាងចេញពីគេតិចៗ។
       " សុំទោស! តែសូម៉ា លែងខ្ញុំសិនទៅ នាងច្របាច់ចំរបួសខ្ញុំហើយ! " ជុងហ្គុក ប្រាប់នាងឲ្យលែងម្ដងទៀតជាមួយភាសាស្រទន់ មិនរករឿង ក៏មិនបន្ទោសនាង ទើបកញ្ញា សូម៉ា ភ្ញាក់ខ្លួនរហ័សព្រលែងនាយចេញភ្លាមៗ តែថាសម្លេងអ្នកណាកំពុងតែស្រែកនោះ?..
       " អ្នកទាំងពីរកំពុងតែធ្វើអី..?? " កន្ត្រក់បន្លែយួរជាប់នឹងដៃរបូតដោយឯកឯង កាយតូចស្ទុះចូល មកប្រឡោះកណ្ដាលរវាងអ្នកទាំងពីរ ទឹកមុខពេញក្រម៉ូវ ក្រសែរ ភ្នែកបង្ហាញពីការប្រច័ណ្ឌ ហួងហែង សម្លឹងទៅស្រីរាងខ្ពស់ដូចដើមត្នោតនោះ ទាំងបបូរមាត់ក្រោមខាំ សម្លឹងសម្លក់ សូម៉ា ស្ទើរតែជ្រុះប្រស្រីចេញមកក្រៅទៅហើយ។
       " មិនឮខ្ញុំសួរទេ? ស្រីម្នាក់នេះជានរណា? មិចក៏នាងឱបលោកមុននេះ ជុងហ្គុក? " ថេយ៉ុង ជំរិតសួរនាយដោយការមិនពេញចិត្ត នាយកាន់តែស្ងៀម គេកាន់តែម៉ូម៉ៅចង់ដឹងកាន់តែខ្លាំង តែទោះជាខំនិយាយ ខំសួរយ៉ាងណាក៏នាយមិនអើពើជាមួយខ្លួននោះដែរ។
       " ជាប្អូនប្រុសបងមែនទេ? " ឃើញថា ជុងហ្គុក មិនឆ្លើយ សូម៉ា នាងសួរគេមួយសំនួរដូចគ្នា ក៏មានការសង្ស័យខ្លះៗ តាមមើលពីរឹកពាររបស់រាងតូចដូចមនុស្សជិតស្និទ្ធនឹងគ្នា។
       " អ្នកដទៃ! " ចម្លើយនាយមួយមាត់ឲ្យបបូរមាត់ក្រហមញញឹមឡើងយ៉ាងពេញចិត្ត ខុសប្លែកតែក្មេងដែលឈរនៅចំពោះមុខ ចំណុចកណ្ដាលពួកគេទាំងពីរ ឮចម្លើយនាយហើយ បានត្រឹមតែស្រងាកចិត្ត ជាអ្នកដទៃអ៊ីចឹងឬ?
       " ពេលនេះជាអ្នកដទៃ តែបន្តិចទៀតគាត់ជាប្ដីរបស់ខ្ញុំ អ្នកនាងមានបញ្ហាទេ? " ទោះជាចម្លើយនាយមុននេះស្ដាប់ទៅរាងចុកឆ្អល់ខ្លាំង ប៉ុន្តែមនុស្សដូចជា សៀ ថេយ៉ុង ម្នាក់នេះចិត្តរឹងខ្លាំងណាស់ មិនទន់ជ្រាយចុះចាញ់ភ្លាមៗនោះទេ។
       " នេះឯង? អ្នកណាប្ដីរបស់ឯង? ឆ្កួតទេដឹង ជុងហ្គុក ឆាប់បកស្រាយភ្លាមមក មានរឿងអ្វីឲ្យប្រាកដចំពោះអ្នកទាំងពីរ? "
       " ត្រឡប់ទៅផ្ទះវិញទៅ សូម៉ា ថ្ងៃក្រោយចាំនិយាយគ្នា! " នាយមិនតបសំនួរស្រីស្រស់ បែរដេញនាងឲ្យត្រឡប់ទៅវិញ គេមានអារម្មណ៍ថាមិនល្អ តាំងពីជួបនាងលើកដំបូង ដល់ត្រូវនាងឱបរឹតចំរបួសដែរឈឺទៀត ធ្វើឲ្យគេកាន់តែមួរម៉ៅមិនចង់តបឆ្លើយជាមួយនាងបន្ត។
       " ឮទេស្រីស្អាត? គេដេញហើយ សូមអញ្ជើញចេញ នោះទ្វារណាបាទ! " បាននាយក្រាស់ហាមាត់ដេញគូរសត្រូវបេះដូងចេញប៉ុន្នេះហើយ ក្មេងកំហូចមិនចាំយូរឡើយ កាយតូចកាច់រាងលាដៃបង្ហាញផ្លូវទ្វារផ្ទះ បញ្ចេញសម្លេងញិកញ៉ក់ពេបជ្រាយដាក់ស្រីស្រស់ បង្កឲ្យស្នាមញញឹមលួចលាក់របស់អ្នកខ្លះទប់មិនជាប់ ក៏ងាកមុខចេញសង្ងំសើចម្នាក់ឯង។
       " ជុងហ្គុក លោកហ៊ានដេញខ្ញុំចេញ ពួកយើងអស់ល្អនឹងគ្នាហើយ ហ៊ឺស! " សូម៉ា កើតក្ដីឈឺផ្សាជាខ្លាំង ក្រោយត្រូវនាយជាមិត្តដេញទាំងមុខមាំមិនសូវឈឺឡើយ តែមកអាម៉ាស់ពេលត្រូវក្មេងមិនទាន់ធំម្នាក់ ពេបជ្រាយឌឺដងឲ្យនាង ទើបបណ្ដាលឲ្យនាងខឹងទាំងនាយទៅជាមួយ ក៏ងាកកាយដើរទន្រ្ទាំជើងចេញពីផ្ទះនេះ ពាំនាំទាំងកំហឹងទៅជាមួយក្ដៅរងំដូចជាភ្នំភ្លើងដែលរៀបនិងផ្ទុះ។
       " អស់ល្អជាមួយនាង តែគាត់នឹងល្អជាមួយខ្ញុំតែម្នាក់ បាយៗចែម៉ា " ដៃតូចមិនឲ្យទំនេរចោល ទោះជាអ្នកនោះចេញទៅហើយក៏ដោយ នៅឈ្លាតលើកដៃ លាឌឺឲ្យអ្នកស្ដាប់ហុយផ្សែងបន្ថែមទៀត។ ជុងហ្គុក គ្រវីក្បាលហួសចិត្តជាមួយក្មេងក្បែរខ្លួន ប៉ុណ្ណឹងហើយមិនទាន់ធំទេ និយាយស្ដីជាមួយមនុស្សចាស់ប្រហើនខ្លាំងណាស់ នាយក៏មិនចង់នៅទើបដើរចេញ តែក៏ត្រូវរាងតូចចាប់ដៃឃាត់÷
       " នេះលោកចង់ទៅណា? របួសលោកហូរឈាមហើយ ចាំខ្ញុំលាងរបួសឲ្យចុះ " ថេយ៉ុង ក្រឡេកឃើញស្មារបស់នាយចេញឈាមជ្រាបអាវក៏មានបំណងចង់លាងរបួសឲ្យ ប៉ុន្តែក៏ត្រូវនាយគំហ៊កដាក់÷
       " មិនបាច់! "
       " កើតអី? លោកខឹងខ្ញុំរឿងមុននេះមែនទេ? ខ្ញុំសុំទោស ខ្ញុំខុស មិនគួរនិយាយដាក់មនុស្សរបស់លោកបែបនោះទេ ប៉ុន្តែខ្ញុំមិនពេញចិត្ត ពេលឃើញនាងស្និទ្ធស្នាលជាមួយលោក ខ្ញុំប្រច័ណ្ឌ " ដៃតូចលូកចាប់ប្រអប់ដៃនាយជាថ្មី សុំទោសនាយទាំងកំសត់ខ្លួន ក៏មិនខ្លាចនិយាយពាក្យពិតឲ្យនាយបានដឹង គេប្រច័ណ្ឌពិតមែន ក៏មិនមែនប្រច័ណ្ឌតិចតួចដែរ គឺប្រច័ណ្ឌខ្លាំងពេលដែលឃើញស្រីម្នាក់នោះឱបរឹតកាយនាយជាប់មិនលែង។
       " ប្រច័ណ្ឌ? ហេតុអី? ត្រូវជាអ្វីនឹងគ្នា? " ជុងហ្គុក
       " អ្នកដទៃ! " បបូរមាត់ស្ដើងពេបទាំងអន់ចិត្ត ចូលចិត្តសួរម៉្លេះសំនួរបែបនេះ ក្រែងដឹងហើយថាពួកយើងមិនជាប់ពាក់ព័ន្ធអ្វីនឹងគ្នា ដឹងហើយនៅតែសួរ ដឹងថាក្មេងម្នាក់នេះឈឺចាប់អត់ ហ្ហឹក?? កុំឲ្យដល់វេនគេវិញឲ្យសោះ។
       " និយាយត្រូវ សូមរក្សាគម្លាត កុំចូលមកជិតយើងពេកអី "
       " ហេតុអី? ខ្លាចខ្ញុំស៊ី? ខ្ញុំមិនចេញទេ ឆាប់មកណេះ ចង់ទៅណា?? " ដៃតូចស្រវាលូកចាប់ដៃមាំជាប់អូសត្រឡប់មកវិញ និយាយគ្នាមិនទាន់ចប់ផងចង់រត់គេចហេស៎ មិនបានឡើយ។
       " ចង់នាំយើងទៅណា យើងចង់ទៅដេកវិញ " ថេយ៉ុង មិនមាត់បន្ដអូសនាយទៅក្បែរសាឡុង ទាញឲ្យអង្គុយចុះព្រមទាំងគម្រាមបែបឃ្យូតៗឲ្យនាយទប់ស្នាមញញឹមមិនជាប់÷
       " អង្គុយទីនេះចាំយ៉ុងតូចម្នាក់នៀកលាបថ្នាំឲ្យបងវីអាយភី នៅឲ្យស្ងៀមកុំងើបទៅណា ប្រយ័ត្នយប់នេះហើមក្រលៀន ឮទេ? " ស្ដាប់សម្លេងញិកញ៉ក់របស់ក្មេង  ព្រមជាមួយកាយវិការរពឹសរវាមស្ទាបអង្អែលដើមទ្រូងខ្លួនហើយនោះ បបូរមាត់ក្រាស់ដែលប្រឹងខាំខ្ជិបមិនចង់ធ្លាយស្នាមញញឹមចេញមកនោះ ក៏រហ័សងាកមុខចេញ ប្រើសម្លេងរឹងដេញគេឲ្យចេញឆ្ងាយពីខ្លួនទាំងអៀនរឹងខ្លួន÷
       " ដឹងហើយ ទៅឲ្យលឿនទៅ " សម្ដីនិយាយត្បត់ៗដូចមិនចង់តបតជាមួយ ប៉ុន្តែក្នុងចិត្តវិញកំពុងតែពុះកញ្ជ្រោល ចង់តែស្ទុះត្របាក់ខាំបបូរមាត់ដែលពូកែសម្ដីនោះឲ្យបែកឈាម ក្មេងអីក៏រវាមគួរឲ្យក្នាញ់យ៉ាងនេះ?
       " ជុប៎! អៀនហ៎? " បបូរមាត់ស្ដើងញញឹមកំហូច ថ្លើមធំណាស់ឥឡូវ ហ៊ានលូកដៃចាប់ក្រសោបថ្ពាល់នាយបង្វែរមករកខ្លួន ព្រមទាំងទម្លាក់បបូរមាត់ទៅប្រថាប់ពីលើបបូរមាត់ក្រាស់យ៉ាងក្លាហាន ជាមួយសំនួរគួរឲ្យចង់សើច។
       " អ្នកណា~ អ្នកណាអៀន? យើងមិនបានអៀន " កំលោះចាស់ត្រូវក្មេងបំភ័យរដាក់រដុបឆ្លើយមិនចង់ចេញ មាត់និយាយថាមិនបានអៀន ប៉ុន្តែថ្ពាល់ឡើងក្រហម កម្ដៅឡើងរាប់ពាន់អង្សា ប៉ុន្តែ នូវមាត់រឹងទៀត។
       " សារ៉ាំងហេ~ " ដឹងថានាយមាត់រឹងមិនងាយនិយាយត្រង់ ថេយ៉ុង បន្ទាបខ្លួនបន្តិចឱនខ្សឹបដាក់ក្បែរត្រចៀក បន្លំថើបថ្ពាល់រលោងមួយខ្សឺតហើយក៏រត់ចេញទៅយ៉ាងលឿនរកប្រអប់ថ្នាំ ឲ្យអ្នកអង្គុយនៅសាឡុងភាំងភ្លឹក ទឹកមុខស្លេកស្លាំងឡើងក្រហមស្រស់ស្រាយវិញភ្លាមក្នុងរយ:ពេលដ៏ខ្លី ត្រឹមពាក្យសារភាពស្នេហ៍មួយម៉ាត់។
       " ក្មេងចម្កួត! " នាយអង្គុយរអ៊ូរតិចៗ លើកដៃក្រសោបថ្ពាល់ខ្លួន ញញឹមញញែមម្នាក់ឯង ឲ្យអ្នកដែលឈរមើលពីចម្ងាយញញឹមតាមស្ទើរស្ងួតជើងធ្មេញ។
       " ឯងមើលទៅ ព្រីន អាការៈអ្នកមានស្នេហាបែបហ្នឹងឯង សើចញញឹមម្នាក់ឯង ដែលគេហៅថា មនុស្សឆ្កួត! ពូប្រាប់ឯងពេលមានស្នេហាកុំធ្វើចរិតដូចចៅហ្វាយឯងឲ្យសោះ ប្រយ័ត្នគេរត់ចោលដោយមិនដឹងខ្លួន! " មេការធាន ឈរនៅម្ខាងជាមួយនាយជំនិត ស្ដីប្រដៅក្មួយឲ្យស្ដាប់បង្គាប់គាត់ជាមនុស្សចាស់ទៅមិនខុសទេ មានស្នេហាគេសារភាពល្មមៗព្រមទៅ កុំធ្វើចរិតប្រុសសង្ហាកាច់រឹកកាច់រាង ប្រយ័ត្នតែគេទ្រាំ តទៀតលែងបាន គេរត់ចោល កុំយំស្ដាយក្រោយ គ្មានអ្នកលួងទេ។
       " ខ្ញុំសួរលោករឿងមួយបានទេ? " ដៃស្រឡូនថ្នមដៃជាមួយសំឡីផ្ដិតលាងរបួសសំអាតឈាមឲ្យនាយ ក្នុងចិត្តកើតក្ដីងឿងឆ្ងល់ចង់សួរយូរដែរហើយ ប៉ុន្តែមិនដាច់ចិត្ត ទើបពេលនេះដាច់ចិត្តថាសួរនាំឲ្យដឹងរឿងម្ដង មិនចង់លាក់ទុក ព្រោះតែលាក់ទៅវាស្ទះទ្រូងខ្លាំងណាស់។
       " រឿងអី? " ជុងហ្គុក
       " ស្រីម្នាក់មុននោះជានរណា? អ្នកទាំងពីរដូចជាស្និទ្ធស្នាលគ្នាខ្លាំងណាស់ កុំលាក់ខ្ញុំអី ប្រាប់ត្រង់មកស្រួលខ្ញុំធ្វើចិត្ត " ដៃតូចស្រាប់តែបញ្ឈប់ចលនា ពេលនិយាយដល់ត្រង់ចំណុចនេះ ធ្វើឲ្យគេញ័រពិបាកគ្រប់គ្រងអារម្មណ៍ខ្លួនឯងជាខ្លាំង រូបភាពនាងឱបរឹតកាយនាយនៅតែដក់ជាប់ក្នុងខួរក្បាលគេមិនរលុប។
       " មិត្តចាស់រៀននៅសកល "
       " មិនមែនសង្សារលោកទេ? "
       " បើជាសង្សារ យើងដេញនាងទាំងបែបនេះឬ? ឯងក៏ដូចគ្នា ឈប់មានគំនិតចង់ស្រលាញ់យើងទៀតទៅ យើងមិនអាចស្រលាញ់ឯងនោះទេ " ជុងហ្គុក ទាញអាវមកពាក់វិញ ក្រោកចេញពីសាឡុង បែរមកនិយាយតទល់ជាមួយរាងតូច បញ្ជាក់ឲ្យច្បាស់ ទោះជាខំយ៉ាងណាក៏ខ្លួនមិនអាចស្រលាញ់គេ ព្រោះបេះដូងមួយនេះមានម្ចាស់រួចទៅហើយ។
       " លោកមិនស្រលាញ់ខ្ញុំក៏អត់ទៅ វាជារឿងរបស់លោក ខ្ញុំស្រលាញ់លោក ជារឿងរបស់ខ្ញុំតើ ខ្ញុំតាមញ៉ែលោកក៏ជាសិទ្ធិរបស់ខ្ញុំ គ្មានពាក់ព័ន្ធគ្នាទេ លោកមិនអាចហាមឃាត់ខ្ញុំមិនឲ្យស្រលាញ់លោកបានឡើយ វាជាសិទ្ធិ ជាបេះដូងរបស់ខ្ញុំ លោកកុំមកចេះហាម " ថេយ៉ុង

     thv be like : ចេះដឹងម៉េស ស្រឡាញ់មិន ស្រឡាញ់ជាសិទ្ធ របស់គេតើ?

សូមរង់ចាំភាគបន្ត❤️

#ក្វាង លីននី

បម្រើបេះដូង VIP ( Completely✓ )जहाँ कहानियाँ रहती हैं। अभी खोजें